ព័ត៌មាន​បន្ថែម រឿង​សង្ឃ និង​តា​អាចារ្យ​ដែល​បាត់​ខ្លួន

ខេត្តសៀមរាប ៖ លោក​អធិការ​ក្រុង​ចេញ​មុខ​បកស្រាយ​ការ​ពិត និង​កំពុង​ស្រាវជ្រាវ​ជុំវិញ​ករណី​ដែល​ត្រូវ​បាន​រិះគន់​ពី​ម​ជ្ឈ​ម​ដ្ឋា​ន​នានា​ថា ប្រជា​ការពារ និង​កម្លាំង​នគរបាល​ប៉ុស្តិ៍​សង្កាត់​ស្រ​ង៉ែ និង​កម្លាំង​ក្រុង​សៀមរាប ធ្វើបាប​ទៅ​លើ​ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ និង​អាចារ្យ​ម្នាក់ ដែល​បាត់​ខ្លួន​នៅ​សង្កាត់​ក្របី​រៀល​នោះ ពេល​នេះ​នគរបាល​ក្រុង​សៀមរាប បាន​ចេញ​មក​បកស្រាយ​ពី​ដំណើររឿង​ដែល​ឈាន​រហូត​ដល់​ការ​បាត់​ខ្លួន​ព្រះសង្ឃ និង​អាចារ្យ​នោះ​កាលពី​យប់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០១៧ ពេល​កន្លង​ទៅ​ថ្មី​ៗ​នេះ​។
លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុ​ង អធិការ​ក្រុង​សៀមរាប បាន​ប្រាប់​កោះសន្តិភាព​នៅ​វេលា​ម៉ោង​២​និង​៤៦​នាទី​ថ្ងៃ​ទី​០២ កក្កដា នេះ​ថា ករណី​នេះ​ជា​ការ​រៀបចំ​ឡើង​ដោយ​ក្រុម​ណាមួយ ដើម្បី​ធ្វើ​ឱ្យ​មានការ​យល់​ច្រឡំ​មក​លើ​សមត្ថកិច្ច​ក្នុង​បំណង​មិនល្អ ហើយ​ពេល​នេះ​កម្លាំង​នគរបាល​កំពុងធ្វើការ​ស្វែងរក​អ្នក​ទាំង​ពីរ ដើម្បី​រក្សា​សុវត្ថិភាព​ជូន​ផង​ដែរ​។ លោក​រៀបរាប់​ពី​ដំណើររឿង​ថា កាល​ថ្ងៃ​ទី​១៨ មិថុនា វេលា​ម៉ោង​២០​និង​៤៥​នាទី​យប់ បងប្អូន​ប្រជា​ការពារ​សង្កាត់​ក្របី​រៀល បាន​ទទួល​ដំណឹង​ពី​បងប្អូន​ប្រជា​ការពារ​សង្កាត់​ស្រ​ង៉ែ តាម​រយៈ​វិទ្យុទាក់ទង (​អាយ​កូ​ម​) ថា ឱ្យមក​ជួយ​មើល​លោកសង្ឃ​មួយ​អង្គ និង​តា​ចាស់​ម្នាក់​មិនដឹង​និមន្ត​ទៅ​ណា​មក​ណា​ទេ​ទាំង​យប់ តាម​ផ្លូវ​គ្រួ​ស​ក្រហម​ពី​ទិស​ខាងលិច​ឆ្ពោះទៅ​ខាងកើត​។ បន្ទាប់​ពី​បាន​ទទួល​ដំណឹង សមាជិក​ប្រជា​ការពារ​សង្កាត់​ស្រ​ង៉ែ សមត្ថកិច្ច​មូលដ្ឋាន​ក៏​តាម​រក​មើល ស្រាប់តែ​ប្រទះ​ឃើញ​ព្រះសង្ឃ និង​តា​ចាស់​នៅ​ចំណុច​លើ​ថ្នល់​ដីក្រហម ស្ថិត​ក្នុង​ព្រំប្រទល់​ភូមិ​តា​ចក និង​ភូ​មិច​ន្លោ​ង ក្នុង​សង្កាត់​ស្រ​ង៉ែ ដោយ​មានការ​សង្ស័យ​កម្លាំង​ក៏​សួរនាំ តែ​និយាយ​គ្នា​ស្តាប់​មិន​បាន ដូច​មនុស្ស​វង្វេងស្មារតី ដោយ​សង្កេត​ឃើញ​ថា ព្រះសង្ឃ និង​តា​ចាស់​មិន​មាន​ឯកសារ ឬ​ព្រះ​ឆ័​យ​លក្ខ​ជាប់​ខ្លួន​ទេ​នោះ ខណៈ​កំពុង​សួរនាំ ស្រាប់តែ​ព្រះសង្ឃ និង​តា​ចាស់​នោះ ផ្តួលខ្លួន​ដេក​ឱប​គ្នា​នៅ​លើ​ថ្នល់​ដីក្រហម​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​ក្បែរ​កន្លែង​កើតហេតុ ហើយ​ចេញ​មក​ឈរ​រោម​មើល​ជា​ច្រើន​នាក់​ផង​ដែរ​។

បន្ទាប់​មក​នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​យប់ កម្លាំង​ប្រជា​ការពារ​បាន​នាំ​ព្រះសង្ឃ និង​តា​ចាស់​នោះ​មក​ប្រគល់​ឱ្យ​នគរបាល​ប៉ុស្តិ៍​ន​រដ្ឋបាល​សង្កាត់​ស្រ​ង៉ែ ដើម្បី​សាកសួរ​បន្ថែម​ដោយ​លោក​អនុ​សេនីយ៍ទោ ធា​វ ធឿ​ត និង​ត្រួតពិនិត្យ​សម្ភារ​ដែល​នៅ​ជាប់​នឹង​ខ្លួន​ព្រះសង្ឃ និង​តា​អាចារ្យ​នោះ ឃើញ​មាន​ត្រា​មូល​ធំ​មួយ សម្ភារ​ផ្សេង​ៗ​ទៀត​ដូច​ជា ចែរ​កាច់​ដុំ​ថ្ម​តូច​ៗ​ពណ៌​ខ្មៅ​ជា​ច្រើន​ដុំ និង​លុយ​មួយ​ចំនួន​នៅ​ក្នុង​ថង់យាម តែ​សមត្ថកិច្ច​យើង​មិន​បាន​ធ្វើការ​ដកហូត​អ្វី​ឡើយ​។
តាម​ការ​ព្យាយាម​សាកសួរ​ព្រះសង្ឃ និង​តា​អាចារ្យ​បាន​ប្រាប់​ថា ចង់​និមន្ត​ទៅ​ភ្នំ​គូលែន​។ ក្រោយមក​នៅ​វេលា​ម៉ោង​០៨​និង​៥០​នាទី​យប់ លោកនាយ​ប៉ុស្តិ៍​ក៏​បាន​ណែនាំ​ឱ្យ​ប្រជា​ការពារ​យក​ម៉ូតូ​ដឹក​ព្រះសង្ឃ និង​តា​ចាស់​នោះ​ទៅ​បេនឡាន ប៉ុន្តែ​ពេល​ឌុ​បម​ក​ដល់​មុខ​ក្លោ​ង​ទ្វារ​ចូល​វត្ត​មេត្តាករុណា ព្រះសង្ឃ និង​តា​អាចារ្យ​នោះ​បាន​លោត​ចុះ​ពីលើ​ម៉ូតូ ហើយ​ផ្តេកខ្លួន​ដេក​ឱប​គ្នា​នៅ​នឹង​ដី ថែម​ទាំង​ទាញ​ដោះ​ស្បង់​ចីវរ និង​របស់របរ​ដែល​ជាប់​នៅ​នឹង​ខ្លួន​ចោល​អស់ បន្តិច​ក្រោយមក​ក៏​ស្ទុះ​ងើប​រត់គេច​ខ្លួន​បាត់ កម្លាំង​ប្រជា​ការពារ​ព្យាយាម​ដើរ​រក​មើល​ដែរ តែ​រក​ពុំ​ឃើញ​រហូត​ដល់​វេលា​ម៉ោង​១​និង​១៥​នាទី​យប់​ឈាន​ចូល​ថ្ងៃ​ទី​១៩ មិថុនា ប្រជា​ការពារ​បាន​សម្រេច​ឈប់​ដើរ​រក​ហើយ ត្រលប់​ទៅ​គោលដៅ​រៀង​ៗ​ខ្លួន​វិញ​។

លោក ទិ​ត្យ ណា​រ៉ុ​ង បន្ថែម​ថា លុះ​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៩ មិថុនា កម្លាំង​សមត្ថកិច្ច​ក៏​ជួប​ប្រទះ​ឃើញ​ពួក​គាត់​ទាំង​ពីរ​នាក់​នៅ​មុខ​វត្ត​កេស​រា​រាម ស្ថិត​នៅ​ភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គុំ ដោយ​លើ​ខ្លួន​មាន​ស្លៀក​កា​រ៉ុ​ង គ្មាន​អាវ បំរុង​រត់​ចូល​ឡាន​ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្លងកាត់​កំណាត់​ផ្លូវជាតិ​លេខ​៦ ពេល​នោះ​សមត្ថកិច្ច​យើង​ធ្វើការ​ឃាត់​នាំ​មក​ក្នុង​បរិវេណ​វត្ត​កេស​រា​រាម ដើម្បី​សួរនាំ តែ​អ្នក​ទាំង​ពីរ​និយាយ​ស្តាប់​គ្នា​មិន​យល់ ដោយ​ឃើញ​អ្នក​ទាំង​ពីរ​ស្លៀក​កា​រ៉ុ​ង គ្មាន​អាវ​ពាក់ សមត្ថកិច្ច​យើង​បាន​ណែនាំ និង​ជួយ​រក​ខោ​ឱ្យ​អ្នក​ទាំង​ពីរ​ស្លៀក ពេល​នោះ​មានកូន​សិស្ស​នៅ​ក្នុង​វត្ត​បានឱ្យ​ខោខ្លី​ពណ៌​ខៀវ (​ខោ​កីឡា​) ០២​ខោ ក្រោយ​ស្លៀកខោ​រួច​អ្នក​ទាំង​ពីរ​ក៏​ដេក​ឱប​គ្នា​យ៉ាង​ចំឡែក​ប្រហែល​១៥​នាទី​ក្រោយមក​អ្នក​ទាំង​ពីរ​ក៏​ងើប​ស្ទុះ​រត់​ចូល​គន្លង​ផ្លូវជាតិ​លេខ​៦​ទៀត​។ សមត្ថកិច្ច​យើង​បាន​ពិភាក្សា​គ្នា​ដឹក​អ្នក​ទាំង​ពីរ​ទៅ​ដាក់​នៅ​ក្នុង​បរិវេណ​វត្ត​ទេព​ប្រណម ស្ថិត​ក្នុង​បរិវេណ​ប្រាសាទអង្គរធំ ដើម្បី​សុវត្ថិភាព​។ ប៉ុន្ដែ​ក្រោយ​ពី​យក​ទៅ​ដាក់​នៅ​វត្ត​ហើយ ព្រះសង្ឃ និង​តា​អាចារ្យ​នោះ​ក៏​បាត់​ខ្លួន​តែ​ម្ដង ដោយ​មិនដឹង​ទៅ​ដល់​ទីណា​នោះ​ទេ ទោះបី​កម្លាំង​តាម​រក​ដល់​ភ្នំ​គូលែន​ក៏​រក​មិនឃើញ​ដែរ​។ មក​ទល់​ពេល​នេះ​កម្លាំង​នគរបាល​កំពុង​តែ​ធ្វើការ​ស្រាវជ្រាវ​បន្ដ​ទៀត ដើម្បី​ចង់​ដឹង​ថា តើ​នេះ​ជា​រឿង​អ្វី​ឱ្យ​ពិត​ប្រា​ដក?
សូម​បញ្ជាក់​ផង​ដែរ​ថា ប្រសិនបើ​មាន​បងប្អូន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ព្រះសង្ឃ និង​តា​អាចារ្យ ដែល​មាន​ភិនភាគ​ដូច​រូបភាព​ខាងក្រោម សូម​ធ្វើការ​ទំនាក់ទំនង​ផ្តល់​ព័ត៌មាន​តាម​រយៈ​ទូរស័ព្ទ​លេខ​របស់​អធិការ​នគរបាល​ក្រុង​សៀមរាប ៖ 012 630 641 / 012 239 240 ៕


ព័ត៌មាន​បន្ថែម រឿង​សង្ឃ និង​តា​អាចារ្យ​ដែល​បាត់​ខ្លួន ព័ត៌មាន​បន្ថែម រឿង​សង្ឃ និង​តា​អាចារ្យ​ដែល​បាត់​ខ្លួន Reviewed by dhbxb on July 02, 2017 Rating: 5

No comments:

loading...
Powered by Blogger.