ស្តេចរត់ពន្ធគ្រឿងញៀនចាប់បានហើយនៅប្រេស៊ីល
ប្រេស៊ីល ៖ ប៉ូលិសប្រេស៊ីលរាយការណ៍កាលពីថ្ងៃទី១ កក្កដា ថា ចាប់បានជនឈ្មោះ LUIZ CARLOS DA ROCHA ជាស្តេចរត់ពន្ធគ្រឿងញៀនកូកាអីុនសំខាន់បំផុតម្នាក់នៅអាមេរិកខាងត្បូង ក្រោយតាមប្រមាញ់រូបគេអស់ពេល៣០ឆ្នាំមកហើយ ។ ជននេះពិបាកតាមចាប់បាន ដោយសារគេប្រើការវះកាត់ប្តូរមុខ ។
LUIZ CARLOS DA ROCHA មានរហស្សនាមថា CABECA BRANCA (ក្បាលសជាភាសាព័រទុយហ្គាល់) ត្រូវបានចាប់នៅទីក្រុង SORRISO ជាទីក្រុងមួយនៃរដ្ឋ MATO CROSSO ភាគខាងលិចប្រេស៊ីល ។
ក្នុងសេចក្តីប្រកាសមួយ ប៉ូលិសសហព័ន្ធគូសបញ្ជាក់ថា DA ROCHA បានប្តូរឈ្មោះ ហើយត្រូវគេហៅឈ្មោះ VITOR LUIZ DE MORAES ។ គ្រូពេទ្យវះកាត់ម្នាក់បានវះកាត់ប្តូរមុខរបស់គេ ដើម្បីគេចពីការតាមចាប់របស់អាជ្ញាធរ ។ ភ្នាក់ងារប៉ូលិស១៥០នាក់ ដែលចូលរួមក្នុងប្រតិបត្តិការដែលនាំទៅដល់ការចាប់ខ្លួនគេក៏ចាប់បានដែរ ដៃស្តាំរបស់ជននេះ ហើយរឹបអូសរថយន្តប្រណិតៗ ព្រមទាំងបណ្តាយន្តហោះទេសចរណ៍ បណ្តាកសិដ្ឋានកសិកម្ម ព្រមទាំងទ្រព្យសម្បត្តិឯទៀតៗមានទឹកប្រាក់សរុប១០លានដុល្លារ ។
អាជ្ញាធរបញ្ជាក់ថា ៣០ឆ្នាំហើយជននេះគេចខ្លួនរួចរហូត ហើយរស់នៅជាសម្ងាត់គេចខ្លួនរួចពីប៉ូលិស ។ ដោយយកបណ្តារូបថតនៃផ្ទៃមុខពីមុនរបស់ LUIZ CARLOS DA ROCHA មកប្រៀបផ្ទឹមមើលជាមួយរូបថតបច្ចុប្បន្នរបស់ VITOR LUIZ DE MORAES ទើបប៉ូលិសធ្វើការសន្និដ្ឋានថា LUIZ CARLOS DA ROCHA និង VITOR LUIZ គឺជាមនុស្សតែមួយ ។
យោងតាមប៉ូលិសថា ជននេះទទួលការចោទប្រកាន់ពីបទដឹកនាំបណ្តាញផលិតកម្ម និងរត់ពន្ធកូកាអុីនដ៏ធំមួយ ។ គ្រឿងញៀនត្រូវបានដាំ ហើយយកមកកែច្នៃនៅប្រទេសបូលីវី កូឡុំប៊ី និងប៉េរូ បន្ទាប់មកបញ្ជូនទៅសហរដ្ឋអាមេរិក ឬអឺរ៉ុបដើម្បីលក់ ៕
ស្តេចរត់ពន្ធគ្រឿងញៀនចាប់បានហើយនៅប្រេស៊ីល
Reviewed by dhbxb
on
July 02, 2017
Rating:

No comments: