ពលករខ្មែរ បន្តសម្រុកមកបំពេញឯកសារ ដើម្បីទៅធ្វើការងារស្របច្បាប់នៅប្រទេសថៃឡើង ក្រោយរដ្ឋាភិបាលប្រទេសនេះ ចេញច្បាប់រឹតបន្តឹង
(បន្ទាយមានជ័យ)៖ ក្រោយពីក្រសួងការងាររបស់ថៃ បានប្រកាសដាក់ចេញច្បាប់ និងគោលការណ៍រឹតបន្តឹងចំពោះ ពលករបរទេសនៅក្នុងប្រទេសរបស់ខ្លួន រហូតដល់ពេលនេះ ពលករកម្ពុជាប្រុសស្រីចាស់ក្មេង រាប់ពាន់នាក់ បានបន្តត្រឡប់មកកម្ពុជាវិញ ដើម្បីស្នើសុំឯកសារស្របច្បាប់ការងារពីមន្ត្រីជំនាញ ជាបន្តបន្ទាប់។
ឧត្តមសេនីយ៍ត្រី ស៊ឹម សំអាត ប្រធានប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារប៉ោយប៉ែត បានឲ្យដឹងនៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៧នេះថា ប៉ុន្មានថ្ងៃនេះពលករកម្ពុជា ស្របច្បាប់ការចេញ-ចូលគឺធម្មតា តែដោយឡែកពលករចំណាកស្រុកខុសច្បាប់ គឺភាគីថៃបន្តការចាប់បញ្ជូនមកកម្ពុជាវិញរាប់រយនាក់ក្នុង១ថ្ងៃ។ លោកបន្តថា ទោះជាយ៉ាងណា សមត្ថកិច្ចកម្ពុជាបានសហការល្អជាមួយភាគីថៃ ក្នុងដឹកបញ្ជូនពលករខុសច្បាប់ ចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺបានសម្រួលក្នុងការដឹក សម្រួលក្នុងការពិនិត្យសុខភាព របស់ពលករ ការចាប់ដាក់រថយន្តកុំឲ្យចង្អៀតជាដើម។
លោកបញ្ជាក់ថា ចាប់តាំងពីក្រសួងការងាររបស់ថៃ ចេញច្បាប់រឹតបន្ដឹងមក មកទល់ពេលនេះ ពលករខ្មែរដែលចំណាកស្រុកទៅធ្វើការដោយខុសច្បាប់នោះ បានបញ្ជូនមកកម្ពុជា ប្រមាណជាង៣ ទៅ៤ពាន់ហើយ ប៉ុន្ដែចំនួននេះមិនជាក់លាក់នៅឡើយទេ ដោយសារតែមន្ដ្រីជំនាញកំពុងធ្វើការបូកសរុប។ យ៉ាងណាមិញ សម្រាប់ពលករដែលធ្លាប់ ទៅធ្វើការដោយខុសច្បាប់នៅប្រទេសថៃទាំងអស់នោះ ពេលនេះពួកគាត់កំពុងតែនាំគ្នាសម្រុកមកធ្វើបំពេញសំណុំឯកសារ ដើម្បីអាចទៅធ្វើការងារបានដោយស្របច្បាប់ ជៀសវាងការផាកពិន័យ ឬឈានដល់ការដាក់ពន្ធនាគារជាដើម។
ច្បាប់ថ្មីរបស់ថៃ ពាក់ព័ន្ធនឹងការរឹតបន្តឹងលើពលករបរទេសនេះ បានធ្វើការបង្កើនការផាកពិន័យខ្ពស់ជាងមុនសម្រាប់ ជនល្មើសទាំងឡាយណា ក្នុងនោះមានទាំងពលករចំណាកស្រុក ដែលបានចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ ឬពុំមានលិខិតឆ្លងដែន ឬក៏គ្មានប័ណ្ណការងារត្រឹមត្រូវ ក៏ដូចជានិយោជក ដែលជួលពលករចំណាកស្រុក ខុសច្បាប់ ទាំងនោះ ឲ្យបម្រើការងារ ឬក៏មិនបានជូនជាដំណឹងដល់អាជ្ញាធរ។ ក្រៅពីនោះ ក៏មានការកំណត់ទោសដាក់ពន្ធនាគារផងដែរ។
ទោះជាយ៉ាងណា ពេលនេះ រាជរដ្ឋាភិបាលថៃ ក៏បានសម្រេចព្យួរនូវការអនុវត្តច្បាប់ថ្មីមួយរយៈ ដើម្បីទុកឱកាសដល់ពលករបរទេសទាំងអស់ នៅក្នុងប្រទេសរបស់ខ្លួន រៀបចំបែបបទឯកសារស្របច្បាប់ឡើងវិញផងដែរ៕
ពលករខ្មែរ បន្តសម្រុកមកបំពេញឯកសារ ដើម្បីទៅធ្វើការងារស្របច្បាប់នៅប្រទេសថៃឡើង ក្រោយរដ្ឋាភិបាលប្រទេសនេះ ចេញច្បាប់រឹតបន្តឹង
Reviewed by dhbxb
on
July 04, 2017
Rating:

No comments: