អាជ្ញាធរថៃប្រកាសថា «ច្បាប់ថ្មីដែលរឹតបន្តឹងខ្លាំង លើពលករមកពីប្រទេសជិតខាង» ត្រូវពន្យាពេល០៦ខែទៀត ដើម្បីអនុម័ត!
(បាងកក)៖ ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាព និងសណ្តាប់ធ្នាប់ (NCPO) របស់ប្រទេសថៃ បានសម្រេចនាថ្ងៃអង្គារនេះថា នឹងទុករយៈពេលឲ្យចំនួន០៦ខែទៀត ក្នុងការរឹតបន្តឹងច្បាប់ហាមឃាត់ ជុំវិញបញ្ហាពលករចំណាកស្រុក មកពីបណ្តាប្រទេសជិតខាង។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅរសៀលថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
អ្នកនាំពាក្យក្រុមប្រឹក្សា NCPO លោក Winthai Suvaree បានឲ្យដឹងថា NCPO បានសម្រេចធ្វើការពន្យាពេល ចំពោះការរឹតបន្តឹងអនុក្រឹត្យរបស់រដ្ឋាភិបាលយោធា ដែលត្រូវបានធ្វើឡើងជាចម្បងដើម្បីដោះស្រាយ ក៏ដូចជាទប់ទល់បញ្ហាពលករចំណាកស្រុក និងចូលមកធ្វើការដោយខុសច្បាប់នៅក្នុងព្រះរាជាណាចក្រថៃ។ ការរឹតបន្តឹងច្បាប់ហាមឃាត់នេះ ដែលដំបូងឡើយត្រូវបានគ្រោងនឹងចូលជាធរមាន ចាប់ពីថ្ងៃទី២៣ ខែមិថុនាតទៅនោះ បច្ចុប្បន្នកំពុងស្ថិតក្នុងការពន្យាពេលរហូតដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៨។
នៅក្រោមច្បាប់ខាងលើ ការផាកពិន័យមានការកើនឡើងខ្ពស់ជាងមុនសម្រាប់ ជនល្មើសទាំងឡាយណា រួមមានទាំងពលករចំណាកស្រុក ដែលបានចូលមកក្នុងប្រទេសថៃដោយខុសច្បាប់ ឬពុំមានលិខិតឆ្លងដែន ឬក៏គ្មានប័ណ្ណការងារត្រឹមត្រូវ ក៏ដូចជានយោជន ដែលជួលពលករចំណាកស្រុកខុសច្បាប់ទាំងនោះឲ្យបម្រើការងារ ឬមួយក៏មិនបានជូនជាដំណឹងដល់អាជ្ញាធរ។
ប្រសិនបើត្រូវរកឃើញថា ពិតជាមានទោសត្រូវទទួលការចោទប្រកាន់ប្រាកដមែននោះ ពលករទាំងនោះនឹងត្រូវបញ្ចូនទៅកាន់ប្រទេសកំណើតវិញភ្លាមៗ ខណៈចៅហ្វាយដែលជួលពួកគេ នឹងត្រូវប្រឈមមុខជាមួយការបង់ប្រាក់ពិន័យច្រើនបំផុត ៨០០,០០០បាត ឬស្មើនឹង២២,៨៥៧ដុល្លារអាមេរិក នៅក្រោមច្បាប់ថ្មីនេះ៕
អាជ្ញាធរថៃប្រកាសថា «ច្បាប់ថ្មីដែលរឹតបន្តឹងខ្លាំង លើពលករមកពីប្រទេសជិតខាង» ត្រូវពន្យាពេល០៦ខែទៀត ដើម្បីអនុម័ត!
Reviewed by dhbxb
on
July 04, 2017
Rating:

No comments: