អ៊ីរ៉ង់ចេញមុខអះអាងថា «មេដឹកនាំកំពូលផុតលេខនៃក្រុម ISIS ពិតជាស្លាប់ប្រាកដមែន» ខណៈលោកខាងលិច មិនទាន់ទទួលស្គាល់ព័ត៌មាននេះ!
(តេហេរ៉ង់)៖ បន្ទាប់ពីរុស្ស៊ី និងស៊ីរីឥឡូវដល់វេនអ៊ីរ៉ង់វិញម្ដង បានចេញមុខអះអាងយ៉ាងប្រាកដប្រជាថា មេដឹកនាំកំពូលក្រុម ISIS លោក អាប៊ូបាគើ អាល់បាកដាឌី (Abu Bakr al-Bagdhadi) ពិតជាបានស្លាប់បាត់បង់ជីវិតហើយ នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់ កងកម្លាំងទ័ពអាកាសរុស្ស៊ី ប៉ុន្តែបណ្តាប្រទេសលោកខាងលិច ជាពិសេសអាមេរិកនៅតែអះអាងថា វាមិនមែនជាការពិត។ នេះបើតាមសម្តីអ្នកតំណាងជាន់ខ្ពស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Shirazi ដកស្រង់ដោយសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០១៧។
លោក Ali Shirazi នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់សារព័ត៌មានអ៊ីរ៉ង់ Asr-e Iran បានបញ្ជាក់យ៉ាងខ្លីដូច្នេះថា «វាគ្មានអ្វីត្រូវសង្ស័យទៀតនោះទេ លោក បាកដាឌី ពិតជាត្រូវបានសម្លាប់ បា្រកដមែន»។ បន្ថែមពីលើនេះសូម្បីតែសារព័ត៌មានអ៊ីរ៉ង់ Irib ក៏បានបង្ហោះរូបថតសពរបស់មេដឹកនាំ ISIS រូបនេះដែរ ក៏ប៉ុន្តែខាងអ្នកសារព័ត៌មាន Sputnik បានអះអាងថា រូបថតនេះគ្រាន់តែជារូបថតក្លែងក្លាយប៉ុណ្ណោះ ដោយបុរសដែលស្លាប់មានមុខមាត់ និងរូបរាងដូច លោក អាល់បាដាឌី ត្រូវបានថតតំាងពីឆ្នាំ២០១៥មកម្ល៉េះ។ ជាងនេះទៅទៀត បើទោះជាទីក្រុងម៉ូស្គូ និងរដ្ឋាភិបាលស៊ីរី បានបញ្ជាក់ជាច្រើនដងពីមរណៈភាពរបស់ លោក បាកដាឌី ក៏ដោយតែសហរដ្ឋអាមេរិក និងក្រុមចំរុះអន្តរជាតិ មិនទាន់ទទួលស្គាល់ព័ត៌មាននេះនៅឡើយទេ រីឯក្រុម ISIS ខ្លួនឯងក៏មិន ទាន់ផ្ដល់សញ្ញាចម្លែកអ្វីដែរ។
គួរបញ្ជាក់ថា បើតាមក្រសួងការពារជាតិរុស្ស៊ី លោក អាប៊ូបាគើ អាល់បាកដាឌី ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារផ្លូវអាកាសមួយ នៅទីក្រុង Raqqa កាលពីចុងខែឧសភាកន្លងទៅ ហើយ នេះមិនមែនជាលើកទីមួយឡើយ ដែលគេនាំគ្នានិយាយពីការស្លាប់របស់ លោក បាកដាឌី។ ប៉ុន្តែយ៉ាងណា នៅពេលនេះអ្វីដែលគេអាចបញ្ជាក់បាន នោះគឺថាក្រុម ISIS បានស្រុតចុះឥទ្ធិពលយ៉ាងខ្លាំងនៅអ៊ីរ៉ាក់ និងស៊ីរី ខណៈក្រុមអ្នកជំនាញមួយចំនួនយល់ថា បើ ISIS ដួលរលំមែន អ្នកព្រួយបារម្ភជាងគេ គឺបណ្ដាប្រទេសនៅអឺរ៉ុប ពីព្រោះក្រុមអ្នកប្រយុទ្ធ ISIS អាចនឹងត្រូវបែកខា្ចត់ខ្ចាយ ហើយអ្នកខ្លះនឹងត្រឡប់ទៅអឺរ៉ុបវិញ ដើម្បីអនុវត្តន៍សកម្មភាព ឬរៀបចំផែនការវាយប្រហារភេរវកម្មជាការសងសឹក៕
អ៊ីរ៉ង់ចេញមុខអះអាងថា «មេដឹកនាំកំពូលផុតលេខនៃក្រុម ISIS ពិតជាស្លាប់ប្រាកដមែន» ខណៈលោកខាងលិច មិនទាន់ទទួលស្គាល់ព័ត៌មាននេះ!
Reviewed by dhbxb
on
June 30, 2017
Rating:

No comments: