កក្រើកមហាសាគរ! កងទ័ពអូស្ត្រាលី-អាមេរិក ជាង០៣ម៉ឺននាក់ «ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំបំផុត» ដើម្បីកំញើញឥទ្ធិពលដាក់ចិន!
អូស្រ្ដាលី និងសហរដ្ឋអាមេរិកបានចាប់ផ្ដើមធ្វើសមយុទ្ធយោធារួមគ្នាទ្រង់ទ្រាយធំ នៅថ្ងៃព្រហស្បតិ៍នេះ សំដៅបង្ហាញកម្លាំងទ័ពដ៏ធំនៅលើផ្ទៃសាគរ ដើម្បីជាសារមួយផ្ញើដល់គូប្រជែងឥទ្ធិពលនៅក្នុងតំបន់ដ៏មានសក្ដានុពលដូចជាចិន ដែលទើបតែបានបញ្ចេញនាវាពិឃាតជំនាន់ថ្មីរបស់ខ្លួន កាលពីថ្ងៃពុធម្សិលមិញ ខណៈមានការរំពឹងថា ទីក្រុងប៉េកាំងអាចនឹងប្រើប្រាស់នាវានេះ ក្នុងការពង្រីកឥទ្ធិពលនៅតំបន់សមុទ្រចិនខាងត្បូងជាមិនខាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧។
សមយុទ្ធយោធានេះ មានការចូលរួមពីកងទ័ពអូស្ត្រាលី និងអាមេរិកជាង ៣៣,០០០នាក់ នៅលើនាវាចម្បាំងជាច្រើនគ្រឿង ផ្ទុកសុទ្ធតែយន្ដហោះចម្បាំងទំនើបៗ។ អ្វីដែលគេកត់សម្គាល់ សមយុទ្ធទ្រង់ទ្រាយធំនេះ ធ្វើឡើងនៅចំពេលដែលទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំងកំពុងពង្រីកឥទ្ធិពលរៀងៗខ្លួន នៅក្នុងជម្លោះតំបន់សមុទ្រខាងត្បូង ជាទីដែលអ្នកជំនាញមួយចំនួនយល់ថា អាចនឹងក្លាយជាចំណុចចាប់ផ្ដើម នៃការប្រឈមមុខដាក់គ្នាដោយកម្លាំងយោធា រវាងមហាអំណាចទំាងពីរនៅថ្ងៃណាមួយ។
ដោយឡែក ឆ្លើយតបទៅនឹងសំណួរអ្នកសារព័ត៌មានថា ចិននឹងមានប្រតិកម្មយ៉ាងណា លោកឧត្ដមនាវីអាមេរិក Harry Harris បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថា នេះគឺជាសារមួយផ្ញើជូនមិត្ត ឬសម្ព័ន្ធមិត្តរបស់យើង ក៏ដូចជាគូប្រជែងដ៏ធំរបស់យើងនៅក្នុងតំបន់»។
គួរបញ្ជាក់ថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិនបានស្គាល់ភាពតានតឹងនឹងគ្នាយ៉ាងខ្លាំង នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជុំវិញសំណុំរឿងសមុទ្រចិនខាងត្បូងដែល ទីក្រុងប៉េកាំងអះអាងថា ជាទឹកដីរបស់ខ្លួនស្ទើរតែទំាងស្រុង រីឯទីក្រុងវ៉ាស៊ីនតោនក៏កំពុងឈរនៅពីក្រោយបណ្ដាប្រទេស ជាភាគីជម្លោះផ្សេងទៀតដូចជា តៃវ៉ាន់ ហ្វីលីពីន វៀតណាម ព្រុយណេ និងម៉ាឡេស៊ី ដើម្បីទប់ស្កាត់ឥទ្ធិពលចិននៅក្នុងតំបន់៕
កក្រើកមហាសាគរ! កងទ័ពអូស្ត្រាលី-អាមេរិក ជាង០៣ម៉ឺននាក់ «ចាប់ផ្តើមធ្វើសមយុទ្ធយោធារួមគ្នា ទ្រង់ទ្រាយធំបំផុត» ដើម្បីកំញើញឥទ្ធិពលដាក់ចិន!
Reviewed by dhbxb
on
June 29, 2017
Rating:

No comments: