អ៊ុយក្រែនចង្អុលមុខរុស្ស៊ីថា «ជាអ្នកបង្កើតវីរុស Petya រួចធ្វើការវាយលុកពិភពលោក ដោយក្នុងនោះ អ៊ុយក្រែនជាអ្នករងគ្រោះមុនគេ»
(កៀវ)៖ ប្រទេសអ៊ុយក្រែនបានអះអាងនៅថ្ងៃសៅរ៍នេះថា ក្រុមសេវាកម្មសន្តិសុខរុស្ស៊ី បានចូលរួមនៅក្នុងការវាយប្រហារផ្នែកព័ត៌មានវិទ្យា ទៅលើប្រទេសអ៊ុយក្រែនកាលពីពេលថ្មីៗ ដោយមានគោលដៅបំផ្លាញទិន្នន័យសំខាន់ៗ និងបង្កការតក់ស្លុតនៅក្នុងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នាល្ងាចថ្ងៃសៅរ៍ ទី០១ ខែកក្កដា ឆ្នាំ២០១៧។
ក្រុមសេវាកម្មសន្តិសុខរបស់អ៊ុយក្រែន SBU បាននិយាយថា «ការវាយប្រហារគឺចាប់ផ្តើមឡើងដំបូងនៅអ៊ុយក្រែន ហើយរីករាលដាលពាសពេញពិភពលោក ចាប់តាំងពីថ្ងៃអង្គារដើមសប្តាហ៍នេះ ហើយសម្រាប់ក្រុមដែលបាន និងកំពុងប្រព្រឹត្តរឿងនេះ គឺជាបក្ខពួកតែមួយជាមួយនឹងក្រុម ដែលបានវាយប្រហារប្រព័ន្ធគ្រប់គ្រងថាមពល កាលពីខែធ្នូ ឆ្នាំ២០១៦នៅអ៊ុយក្រែននោះឯង»។
ទោះបីជាមានការចោទប្រកាន់ចំៗបែបនេះក្តី ក៏មន្ត្រីរដ្ឋាភិបាលរុស្ស៊ីបានអះអាងថា វាគ្រាន់តែជាការលើកឡើងដ៏ខ្មៅងងឹតបំផុត សម្រាប់ពាក្យចោទប្រកាន់លើទីក្រុងម៉ូស្គូប៉ុណ្ណោះ។
គួរបញ្ជាក់ថា ក្រុមជំនាញកំពូលៗផ្នែកការពារសន្តិសុខព័ត៌មានវិទ្យា កំពុងតែធ្វើការប្រមូលផ្តុំទិន្នន័យ និងភស្តុតាងនានាដើម្បីស្វែងរកថា តើនរណាជាអ្នកនៅពីក្រោយមេរោគកុំព្យូទ័រ Petya ដែលកំពុងបង្ករាំងស្ទះដល់មុខជំនួញ, ការដំណើរការទិន្នន័យកុំព្យូទ័រ ហើយអ្វីដែលធ្ងន់ធ្ងរនោះ គឺការរាំងស្ទះដំណើរការបញ្ជូនទំនិញ រហូតដល់បានបង្ខំឲ្យ រោងចក្រសូកូឡានៅអូស្ត្រាលីដែលមានសាខាតចំនួន ៦០ប្រទេសទូទាំងពិភពលោក ត្រូវបិទទ្វារ៕
អ៊ុយក្រែនចង្អុលមុខរុស្ស៊ីថា «ជាអ្នកបង្កើតវីរុស Petya រួចធ្វើការវាយលុកពិភពលោក ដោយក្នុងនោះ អ៊ុយក្រែនជាអ្នករងគ្រោះមុនគេ»
Reviewed by dhbxb
on
July 02, 2017
Rating:

No comments: