កាតា បញ្ជាក់ពីការឈ្លានពាន ខណៈអ្នកជិតខាងអារ៉ាប់ កំពុងគិតគូរពីការដាក់ទណ្ឌកម្មបន្ថែម
(ឡុងដ៍)៖ រដ្ឋមន្ត្រីការបរទេសកាតា ព្រះអង្គម្ចាស់ Sheikh Mohammed bin Abdulrahman al-Thani បានចោទប្រកាន់បណ្ដាប្រទេសអារ៉ាប់ជិតខាងទំាង០៤ថា បានបង្ហាញយ៉ាងច្បាស់ ពីបំណងឈ្លានពានកាតា នៅអំឡុងពេលពួកគេជួបប្រជុំគ្នានៅឯទីក្រុងគែរ ប្រទេសអេហ្ស៊ីប នៅថ្ងៃពុធនេះ ដើម្បស្វែងរកការដាក់សម្ពាធឬទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងដូហា ដែលពួកគេ ចោទថាគាំទ្រក្រុមភេរវករ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី០៥ ខែកក្កដា ឆ្នាំ២០១៧។
បើតាមព្រះអង្គម្ចាស់ al-Thani ការចោទប្រកាន់ របស់អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប រួមទាំងការប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូត អស់រយៈពេលមួយខែមកនេះគឺ បានបង្ហាញយ៉ាងច្បាស់ពីចេតនាប្រឆាំងនឹងកាតា តែយ៉ាងណា ទីក្រុងដូហា ចង់ដោះស្រាយបញ្ហាតាមរយៈកិច្ចចរចា បើទោះជាមានសង្ឃឹមតិចតួចក្នុងការផ្សះផ្សាគ្នាឡើងវិញក៏ដោយ។ ព្រះ អង្គម្ចាស់ al-Thani បានលើកឡើងនាឱកាសស្ថិតនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដូច្នេះថា៖ «កាតានៅតែបន្តអំពាវនាវឱ្យមានកិច្ចសន្ទនាដោះស្រាយបញ្ហា បើទោះជាទង្វើរបស់ពួកគេបាន រំលោភលើច្បាប់ និងបញ្ញាត្តិអន្តរជាតិ, បើទោះជាគ្រួសារជាង ១២,០០០នាក់ បែកបាក់គ្នា និងបើទោះបីជាការហ៊ុមព័ទ្ធនេះ គឺបានបង្ហាញយ៉ាងច្បាស់ពីចេតនាឈ្លានពាន និងប្រមាថមកលើ រាល់សន្ធិសញ្ញាអន្តរជាតិ អង្គការ ឬក៏ស្ថាប័នច្បាប់ក៏ដោយ»។
គួររំលឹកថា កាលពីថ្ងៃទី០៥ ខែមិថុនា អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម បារ៉ែន និងអេហ្ស៊ីប បានប្រកាសកាត់ផ្ដាច់ទំនាក់ទំនងការទូតជាមួយកាតា សម្រាប់ការផ្ដល់ហិរញ្ញវត្ថុនិងគំាទ្រ ពួកភេរវករ ទោះជាទីក្រុងដូហា បានបដិសធជាច្រើនដងក៏ដោយ។ ក៏ប៉ុន្តែ ដោយសារតែ មានការសម្របសម្រួលពីគុយវ៉ែត បណ្ដាប្រទេសទំាងនេះបានទុកផ្លូវឱ្យកាតា ត្រឡប់មកត្រូវគ្នា ឡើងវិញតាមរយៈការអនុត្ដន៍លក្ខខណ្ឌទំាង១៣ចំណុច ក្នុងនោះរួមមាន បិទសា្ថនីយ៍ទូរទស្សន៍ Al-jazeera, បិទមូលដ្ឋានទ័ពតួកគី និងផ្ដាច់ទំនាក់ទំនងការទូតជាមួយអ៊ីរ៉ង់ជាដើម។ ចំណែកឯ កាតាក៏បានឆ្លើយតបនឹងសំណើនេះហើយដែរ កាលពីថ្ងៃអង្គារ តាមរយៈលិខិតមួយរបស់ព្រះមហាក្សត្រកាតា ប៉ុន្តែអត្ថន័យនៅក្នុងលិខិតនេះ ពុំទាន់ត្រូវបានគេបញ្ជាក់ ជាសាធារណៈនៅឡើយទេ៕
កាតា បញ្ជាក់ពីការឈ្លានពាន ខណៈអ្នកជិតខាងអារ៉ាប់ កំពុងគិតគូរពីការដាក់ទណ្ឌកម្មបន្ថែម
Reviewed by dhbxb
on
July 05, 2017
Rating:

No comments: