កូរ៉េខាងជើង «បាញ់មីស៊ីលផ្លោង ធ្លាក់ចូលសមុទ្រជប៉ុន» នៅចំថ្ងៃបុណ្យឯករាជ្យអាមេរិក និងបន្ទាប់ពីបានអួតថា មីស៊ីលខ្លួនអាចបាញ់ដល់គ្រប់ទិសទីលើលោក!
កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ បានបាញ់សាកល្បងមីស៊ីលផ្លោងមួយគ្រាប់ធ្លាក់ចូលក្នុងតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ជប៉ុន នៅឯសមុទ្រខាងកើត។ ការធ្វើតេស្ដនេះធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន និងសមាភាគីអាមេរិក លោក ដូណាល់ ត្រាំ បានប្ដេជ្ញាចិត្ដដាក់សម្ពាធ និងទណ្ឌកម្មបន្ថែមប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ហើយម្យ៉ាងវិញទៀត ក៏បាញ់សាកល្បងមីស៊ីលនេះ គឺធ្វើឡើងនៅចំថ្ងៃដែលសហរដ្ឋអាមេរិក នឹងប្រារព្ធពិធីបុណ្យឯករាជ្យជាតិថ្ងៃទី០៤ ខែកក្កដា (ម៉ោងនៅក្នុងទីក្រុងវ៉ាស៊ីនតោន)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី០៤ ខែកក្កដា ឆ្នាំ២០១៧។
យោងតាមយោធាកូរ៉េខាងត្បូង កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីល នៅម៉ោងប្រមាណ ៩៖៤០នាទីព្រឹក ចេញពីតំបន់ Panghyon នៃខេត្ត Pyongan ខាងជើង ឆ្ពោះទៅកាន់សមុទ្រខាងកើត ឬសមុទ្រជប៉ុន ខណៈប្រភេទគ្រាប់មីស៊ីលនេះ ពុំទាន់ត្រូវបានកំណត់អត្តសញ្ញាណច្បាស់លាស់នៅឡើយទេ ប៉ុន្តែក្រុមអ្នកជំនាញកូរ៉េខាងត្បូងបានអះអាងជាបឋមថា ជាគ្រាប់មីស៊ីលផ្លោង ដែលអាចបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីថ្ងៃចន្ទបានអះអាងថា គ្រាប់មីស៊ីលរបស់ខ្លួនមានសមត្ថភាពបាញ់ដល់ទីតាំងសត្រូវ នៅគ្រប់ទីកន្លែងនៅទូទាំងពិភពលោក ខណៈក្រុមអ្នកជំនាញរំពឹងថា ទីក្រុងព្យុងយ៉ាងអាចនឹងបាញ់សាកល្បងមីស៊ីលផ្លោងឆ្លងទ្វីប ICBM ជាលើកដំបូងនៅក្នុង ឆ្នាំ២០១៧នេះ ហើយទំនងជាអាចនឹងផលិតបានមីស៊ីល ICBM បាញ់ដល់សហរដ្ឋអាមេរិក យ៉ាងយូរនៅឆ្នាំ២០២០៕
កូរ៉េខាងជើង «បាញ់មីស៊ីលផ្លោង ធ្លាក់ចូលសមុទ្រជប៉ុន» នៅចំថ្ងៃបុណ្យឯករាជ្យអាមេរិក និងបន្ទាប់ពីបានអួតថា មីស៊ីលខ្លួនអាចបាញ់ដល់គ្រប់ទិសទីលើលោក!
Reviewed by dhbxb
on
July 03, 2017
Rating:

No comments: